Wednesday, July 30, 2014

ឆមាសទី១ឆ្នាំ២០១៤គ្រោះថ្នាក់ចរាចរមានការកើនឡើងខ្ពស់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—មន្រ្ដីជាន់ខ្ពស់ នៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន លើកឡើងថា ជនរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរយៈពេល៦ខែ ដើម ឆ្នាំ២០១៤ នេះគឺមានប្រមាណជាង១ ០០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ គឺមានការកើន​ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។
ក្នុងសិក្ខាសាលាស្ដីពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការ បើកបរក្រោមឥទ្ធិពល នៃគ្រឿង​ស្រវឹង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ នៅក្រសួងការពារជាតិ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខា​ធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៣ ពោលគឺកើន​ឡើងប្រមាណ​ជាង១០០នាក់ ដោយតួលេខនេះគឺគិតតែក្នុងរបាយ ការណ៍របស់ក្រសួងមហាផ្ទៃមួយប៉ុណ្ណោះ មិនទាន់រាប់​បញ្ចូលទិន្នន័យរបស់ក្រ សួងសុខាភិបាលបន្ថែមនោះទេ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលយើងមើលឃើញ ចំពោះរាល់គ្រោះថ្នាក់ចរាចរភាគច្រើន ដែលបានធ្វើការត្រួតពិនិត្យឡើងវិញ នោះគឺទាក់ទងនឹងបញ្ហាល្បឿន បន្ទាប់មកគឺបញ្ហាគ្រឿងស្រវឹង ហើយបញ្ហា សំខាន់មួយទៀត ដែលបណ្ដាលឲ្យមានការគ្រោះថ្នាក់​ចរាចរ​នោះ​គឺការមិន គោរពសិទ្ធិអាទិភាព និងការមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមលើកឡើងថា តាមប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចររបស់គណៈ កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺអ្នកដែលស្លាប់ភាគច្រើនជាកម្មករ និងកសិករ ដែលបានប្រើប្រាស់ទោចក្រយានយន្ដ និងយាន​យន្ដសម្រាប់ដឹក មនុស្សច្រើនធ្វើដំណើរនៅតាមដងផ្លូវ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងគេគឺ​មន្រ្ដីរាជការ ដែលមានប្រមាណជាង១០ភាគរយ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរ ហើយភាគច្រើន​គឺបណ្ដាល​មកពីការបើកបរហួសល្បឿនកំណត់ និងការសេពគ្រឿងស្រវឹង។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អ្នកស្លាប់ប្រមាណ ៧០ភាគរយ ភាគច្រើនគឺជាយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ ដែលតាមការត្រួតពិនិត្យ និងវាយតម្លៃលើជនរងគ្រោះទាំងអស់ភាគច្រើនអ្នក ដែលស្លាប់ទាំងនោះ​គឺបណ្ដាលមកពីការមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តមអគ្គលេខាធិការក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រើ​ប្រាស់​ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងមានការយោគយល់​អធ្យាស្រ័យ​គ្នាទៅវិញទៅមក ហើយនៅពេលបើកបរសូមកុំសេពគ្រឿងស្រវឹង និងត្រូវពាក់មួកសុវត្ថិភាពឲ្យ បាន​គ្រប់ៗគ្នា។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានកត់សម្គាល់ ថា ការផ្សព្វផ្សាយនេះគឺជា​ផ្នែកមួយ​យ៉ាងសំខាន់ នៃការបន្ដអនុវត្ដន៍នូវគម្រោង សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរ​ក្នុងគោលដៅលើកកម្ពស់ ការយល់ដឹងរបស់សាធារណៈជនទូទៅ មន្រ្ដីរាជការក៏ដូចជានាយទាហាន ពល ទាហានក្នុងកងយោធពលខេមរភូមិន្ទ ពិសេសការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ បញ្ហាប្រឈម និងកត្តាហានិភ័យនានា នៃការបើកបរយានយន្ដគ្រប់ ប្រភេទ ដោយមិនគោរពច្បាប់ចរាចរណ៍ ការមិនពាក់​មួកសុវត្ថិភាព និងការបើក បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញឲ្យដឹងថា ក្នុង​ឆ្នាំ២០១៣ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរសរុប ១ ៩៥០នាក់ ហើយនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៤នេះ មានអ្នកស្លាប់ ប្រមាណជាង១ ១១៧នាក់ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់នៃការស្លាប់ក្នុងឆ្នាំ កន្លងទៅគឺមានការកើនឡើងខ្ពស់៕
ដោយ អ៊ុន រិទ្ធី