Wednesday, July 30, 2014

កូនឈើជាង២០០០ដើមត្រូវបានដាំនៅស្រុកសូទ្រនិគម

AKP ខេត្តសៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤
​        កូនឈើ​គ្រប់​ប្រភេទចំនួន​២​ ​៨៤០ ដើមរួមមាន​កូនឈើ​គ្រញូង បេង ឈើ ទាល គគីរ ក្ងោកត្រូវបានដាំនៅ​ភូមិសំរោង ឃុំពពេល ស្រុក​សូទ្រនិគម ខេត្ត សៀមរាប កាលពី​​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកជំទាវ​ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា និង​អធិការកិច្ច។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន ​មានប្រសាសន៍ថា ការ​ដាំ​ឈើ​ឡើងវិញ​នៅ​តំបន់​ដី​រិច​រិល​នាពេលនេះ​ គឺ​ដើម្បី​បង្កើន​នូវ​ធនធានព្រៃឈើ សំដៅ​ប្រែក្លាយ​តំបន់​នេះឲ្យមានសោ​ភ័ណ​ភាពយ៉ាងស្រស់​ត្រកាល ប្រកបទៅដោយ​គម្រប​ព​ណ៌​បៃតង ​ដើម្បីជាការ​ទាក់ទាញ​ដល់ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិចូល មក​ទស្សនា​កម្សាន្ត ដែលជាការ​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា ពលរដ្ឋ​នៅក្នុង​តំបន់​នេះ។​ ​លោកជំទាវ​ ម៉ែន សំអន ​បានបញ្ជាក់​ថា ការ​ប្រារព្ធ​បុណ្យ​រុក្ខទិវា​ ដែលជា​ប្រពៃណី​វប្បធម៌​ដ៏​ឧ​ត្តុ​ង្គឧ​ត្ត​មរបស់​ប្រជា​ជាតិខ្មែរនា​សម័យ​សង្គមរាស្ត្រនិយម ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រា​រ​ព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។

លោកជំទាវ​ក៏ណែនាំ និងផ្តាំផ្ញើ​ដល់អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ​ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​នូវ​ស្មារតី​យកចិត្តទុកដាក់​ធ្វើ​ការដាំដុះកូនឈើ​ឡើងវិញ នៅតាម​ទីវ​ត្ត​អារាម​ និង តាម​មូលដ្ឋាន អង្គភាព សាលារៀន និងលំនៅដ្ឋាន ព្រមទាំង​បង្កើន​ការដាំដុះដំ ណាំ​រួមផ្សំ ​ការចិញ្ចឹម​សត្វ​ និងវារីវប្បកម្ម ដើម្បី​ធ្វើការ​អភិវឌ្ឍ​ភូមិ​ឃុំ ស្រុក និងធ្វើ​ឲ្យ​​បរិស្ថានកាន់តែ​ល្អប្រសើរឡើង​។

​ឯកឧត្តម  ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀមរាប​បាន​លើកឡើងថា ខេត្ត សៀមរាប​មាន​ផ្ទៃដី​ព្រៃឈើ​សរុប៤៧៦​ ៨២៤​ហិកតា ស្មើនឹង​៣១,៦៨% នៃ​ផ្ទៃដី​ខេត្ត ហើយ​ស្ថានីយផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​មានចំនួន​០៣កន្លែងមាន​ផ្ទៃដី​សរុប១ ០៦០ហិកតា និងចម្ការ​ពូជឈើ​ប្រណិត គ្រញូង ​ធ្លង់​ មាន​ចំនួន​០៣​កន្លែង មាន​ផ្ទៃដីសរុប២​​៧៤៦ ហិកតា និងសួន​ឈើ​អនុស្សាវរីយ៍មាន​ចំនួន​០៤ កន្លែង មាន​ផ្ទៃដី​សរុប​៧៨ហិកតា ដែល​បាន​ដាំកូនឈើ​ប្រភេទ​ផ្សេងៗ​ដូចជា​គ្រ ញូង បេង ឈើទាល និង​គគីរ សរុប​ចំនួន​៤១​ ​៩០០​ដើម​ សួន​ឈើ​អាពាហ៍ ពិពាហ៍ចំនួន០១​កន្លែងមាន​ផ្ទៃដី​ចំនួន៣,៥ហិកតា ព្រមទាំង​មាន​ថ្នាល​បណ្តុះ​កូន ឈើ២០​កន្លែង ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​ប្រចាំឆ្នាំ​ប្រមាណ​២​លាន​ដើម ចែកចេញជា​ឈើ​រយៈពេល​វែងមធ្យម និងឈើ​ហូប​ផ្លែ។ ​នៅ​ទូទាំង​ខេត្ត​មាន​សហគមន៍​ព្រៃឈើ​សរុប៥៤​កន្លែង ស្មើនឹង១៩​​ ០១៦​ហិតា ​ព្រមទាំង​ចម្ការរុក្ខទិវា​ជាតិ និងចម្ការ​ឈើ​សហស្សវត្ស​ចំនួន៥៣​ហិកតា៕
ដោយ ជ័យ ភូមិពល