Wednesday, July 30, 2014

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលខេត្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅស្នងការ ដ្ឋាននគរបាលខេត្ត ព្រះវិហារបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូន មន្ត្រី​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយក ដ្ឋានបុគ្គលិក និងឯកឧត្តម គោ ស៊ុំប៉ុនសឿត អភិបាលរង ខេត្តព្រះវិហារ ព្រមទាំង មន្ត្រីនគរបាលខេត្តចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន បានកោតសរសើរ និងផ្តាំផ្ញើដល់មន្ត្រីនគរ​បាលដែល​ទើបទទួល​មុខតំណែងថ្មី ត្រូវបន្តសហការគ្នាអនុវត្តន៍រាល់ ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមក៏ បានលើកឡើងផងដែរ អំពីសភាពការណ៍ចលាចលនៅរាជធានីភ្នំពេញកន្លងមក ក៏ប៉ុន្តែ​ក្រោមកិច្ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការអត់ធ្មត់ រហូតសភាពការណ៍មាន​ភាពស្ងប់ស្ងាត់ ក្រោយពីជួបចរចារវាងគណបក្សទាំងពីរ រួចមកធ្វើឲ្យជម្លោះនយោបាយត្រូវបានបញ្ចប់ ដោយបានធ្វើឲ្យមតិជាតិ និងអន្តរ ជាតិអបអរសាទយ៉ាងក្រៃលែង។
លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានប្រកាសលេខ២៦៣២ប្រ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ របស់ឯក ឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ដែលប្រការ ទី១ត្រូវផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ ឌិន ស៊ីដារ៉េត ពីនាយការិយាល័យគណ នេយ្យទៅ​ជាស្នងការរងអត្តសញ្ញាណកម្ម លោកស្រីវរសេនីយ៍ឯក នៃ សំណាង ត្រូវផ្ទេរភារកិច្ចពីស្នងការរង និងជា​ប្រធានការិយាល័យកណ្តាលនគរបាលស្ថិតិ និងអគ្គីភ័យ ទៅជាស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ទោ នួន សុវិរិទ្ធិ ពីអនុប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌទៅ​ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលសន្តិសុខ លោកវរសេនីយត្រី អ៊ុយ ស៊ីថន ពីនាយរង​ការិយាល័យទៅជានាយការិយាល័យ ផែនការគណនេយ្យ លោកអនុសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា ពីនាយរង​ការិយា ល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទៅជានាយការិយាល័យភស្តុភា និងត្រូវបានដំឡើងឋានន្តរ សក្តិថ្នាក់វរសេនីយ៍ត្រីជូនលោក ស៊ី សុគន្ធរដ្ឋា ផងដែរ ។
ឯកឧត្តម គោ ស៊ុំប៉ុនសឿត បានផ្តាំផ្ញើទៅដល់អស់លោកមន្រ្តីនគរបាល ដែលទើបនឹងទទួល​បានភារកិច្ច​ថ្មីត្រូវខិតខំចូលរួមអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមានប្រសាសន៍ថា ក្រៅពីការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ នគរបាលគ្រប់រូបត្រូវមានកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត កុំឲ្យជនឆ្លៀតឱកាស​និយម ធ្វើការផ្តួលរំលំរាជដ្ឋាភិបាល ហើយត្រូវធ្វើយ៉ាង ណាក្តាប់ឲ្យបានភូមិសាស្ត្រ និងមុខសញ្ញាជន​ទាំងនោះឲ្យមានប្រសិទ្ធភាព៕
ដោយ ទិត ស៊្រ