Tuesday, June 2, 2015

ក្រសួងការបរទេស លើកឡើងថា ពលករខ្មែរ ជាច្រើននាក់នឹង ត្រូវជួយសង្គ្រោះ ហើយបញ្ចូនមកកាន់កម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ

ដោយមានការយកចិត្តទុកដាក់ ​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាក្រសួងការ​បរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​ដែលដឹកដោយនាំ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងការបរទេស​ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឥណ្ឌូនេស៊ី​ និងស្ថានអគ្គកុងស៊ុល​ប្រចាំទីក្រុងសៀងហៃ ​បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ​ជាបន្តបន្ទាប់ ​ហើយនៅពេលថ្មីនេះ​ កាលពីថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ២០១៥ ​នារីម្នាក់ឈ្មោះ​ អ៊ូ សារ៉េត មាន​ស្រុកកំណើតនៅ ​ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ​បានបញ្ជូនមកដល់​កម្ពុជាហើយ​ បន្ទាប់ពី​ស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងសៀងហៃ ​បានសហការជាមួយ​អាជ្ញាធរចិន​ ជួយសង្រ្គោះរូបនាង ​ដែលរងគ្រោះដោយមេខ្យល់​នាំយកទៅរៀបការ ​ជាមួយបុរសជនជាតិចិន ​នៅខេត្តអានហ៊ុយ​ ប្រទេសចិន។
ជាមួយគ្នានេះដែរ​ ស្ថានទូតកម្ពុជា​ បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ​ ចំនួន២១នាក់ពី​ទូកនេសាទថៃ ​ក្នុងតំបន់កោះអំបុន (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។ ​ដោយពលករ​ខ្មែរទាំង២១នាក់ ​មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស​ និងចេញសោហ៊ុយ​ធ្វើដំណើរមក​កម្ពុជាវិញ ​នៅចុងខែឧសភា ​ឆ្នាំ២០១៥ នេះ​។
ចំពោះករណី​ពលករខ្មែរចំនួន២១នាក់​ ដែលគ្រោងមក​ដល់កម្ពុជា​ នៅចុងខែឧសភានេះ​ គឺ​៧នាក់បាន​មកដល់ហើយ ​នៅថ្ងៃនេះ ​ទី២៩​ ខែឧសភា​ ឆ្នាំ២០១៥ ​នៅវេលាម៉ោង ៣:៥៥​នាទីល្ងាច ​នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​, ៦នាក់​ នឹងមកដល់នៅថ្ងៃទី៣០ ​ខែឧសភា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៧:៣៥នាទីព្រឹក​ និង៨នាក់ទៀត ​នឹងមកដល់នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៣:៥៥នាទីព្រឹក​។
ជាមួយគ្នានេះ​ស្ថានទូតកម្ពុជា​ ប្រចាំប្រទេសម៉ាឡេស៊ី ​បានអន្តរាគមន៍​ជួយពលការិនីខ្មែរ​ចំនួន ២នាក់​ ឲ្យទទួលបានប្រាក់ខែ​គ្រប់ចំនួន​ និងត្រឡប់មកកម្ពុជា​វិញដូចគ្នា ​ដែលក្នុង​នោះមានឈ្មោះ ​អាន​ សេត ​មានស្រុកកំណើត​នៅស្រុកប្រាសាទ​បាល័ង្គ ​ខេត្តកំពង់ធំ ​បានវិលត្រឡប់​មកដល់កម្ពុជាវិញ​ នៅថ្ងៃទី២៨ ​ខែឧសភា​ ឆ្នាំ២០១៥។​ ចំណែកម្នាក់ទៀត ​ឈ្មោះ​ ឈឹម ​សាលី​ មានស្រុកកំណើត​នៅស្រុកកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ​នឹងមកដល់កម្ពុជា​វិញ នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ២០១៥។
ក្រៅពីនេះ ​ស្ថានទូតកម្ពុជា ​បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះពលករ​ខ្មែរចំនួន ​៣៨នាក់ទៀត ​ពីទូកនេសាទថៃ​ ក្នុងតំបន់កោះ​បេនជីណា​ (Benjina) ប្រទេស​ឥណ្ឌូនេស៊ី។​ ដោយពលករ​ខ្មែរទាំង៣៨នាក់​ មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ​ និងបានសហការ​យ៉ាងជិតស្និត​ជាមួយអង្គការទេស​ន្តរប្រវេសន៍អន្តរជាតិ ​(IOM) ​ដើម្បីធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជាវិញ​នៅសប្តាហ៍ទី១ ​ខែមិថុនា ​ឆ្នាំ២០១៥ ខាងមុខ​នេះ។
តាមប្រភពពី​ ឯកឧត្តម កុយ គួង​ អ្នកនាំពាក្យក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ​នៅថ្ងៃទី២៩ ​ខែឧសភា ​ឆ្នាំ២០១៥នេះ ​ បានឲ្យដឹងថា ​ពលករខ្មែររងគ្រោះ​ចំនួន១៩៩នាក់ ​នឹងមកពីឥណ្ឌូនេស៊ី ​នៅចុង​ ខែមិថុនា​ ឆ្នាំ២០១៥នេះ។
​ឯកឧត្តម ​កុយ គួង​ បញ្ជាក់ថា ​ស្ថានទូតកម្ពុជា​បានសហការ ​ជាមួយអាជ្ញាធរ​ឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ ​ចំនួន១៩៩នាក់ ​ពីទូកនេសាទថៃ​ក្នុងតំបន់កោះអំបុន​ (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។​ ដោយពលករខ្មែរ​ទាំង១៩៩នាក់ ​មិនមានលិខិតឆ្លងដែន ​ស្ថាតទូតនឹង​ចេញលិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស ​និងចេញ​សោហ៊ុយធ្វើដំណើរ​មកកម្ពុជាវិញនៅចុង ​ខែមិថុនា​ ឆ្នាំ២០១៥ នេះ៕
អត្ថបទ៖ សុភាព

ក្រសួងការងារបំភ្លឺអំពីគោលបំណេង ពិតនៃច្បាប់ស្តីពីសហជីព

តាមយោងសេចក្តី​ប្រកាសព័ត៌​មាន របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការរៀប​ចំតាក់​តែង​ច្បាប់​ស្តីពីសហ​ជីព បាន​ឲ្យ​ដឹង​ថា នាពេល​ថ្មីៗ​នេះ មាន​អង្គ​ការ​វិជ្ជាជីវៈ​មួយចំនួន​ដោយមាន​ការគាំទ្រ​ពីអង្គ​ការបរទេស បាន​បញ្ចេញ​មតិ​ជំទាស់​ទៅ​នឹង​ការ​អនុម័ត​ច្បាប់​ស្តីពីសហ​ជីព ដែល​បាន​រៀប​ចំចំ​នួន ៧ឆ្នាំ ហើយ​ដែល​នឹង​ឈាន​ដល់​ការ​បញ្ចប់ជា​ស្ថាពរ​ក្នុងពេល​ដ៏ខ្លីខា​ងមុខ​នេះ។ ដូច្នេះ​ដើម្បី​បំភ្លឺ​ជូន​សាធារណ​ជន​អំពី​គោល​បំណង​ពិត​នៃការ​រៀប​ចំច្បាប់​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ បានលើក​ឡើងពី​ចំណុចសំ​ខាន់ៗ​មួយចំនួន​នៃ​ច្បាប់​នេះ។
ច្បាប់​សហជី​ពនេះ​បង្កើត​ឡើងគឺ​មានគោល​ដៅទី ១ -ការពារសិទ្ធិ​ និង​ផល​ប្រយោជន៍​ស្របច្បាប់រ​បស់បង​ប្អូនកម្មករ​និយោជិត​ ទី២- ធានានូវ​សិទ្ធិសេរី​ភាពនៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត​ និងនិយោ​ជក ទី៣- ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃទំនាក់ទំ​នងវិជ្ជាជីវៈ ទី៤- រួមចំណែក​ក្នុងការបង្កើត​ការងារ​សមរម្យ និងទី​ ៥-បង្កើន​ផលិតភាព​ដើម្បីអភិវឌ្ឍប្រ​ទេសជាតិ និងលើក​កម្ពស់ជីវ​ភាព​របស់កម្មក​​រនិយោជិត។
ក្រសួងការងារ​បញ្ជាក់​ទៀតថា ចាប់​ពីពេល​ចាប់​ផ្តើមក​សាង​ច្បាប់​នេះតាម​សំណូមពរ​របស់​ភាគីកម្មករ​និយោជីត និង​និយោជក កាល​ពីខែវិច្ឆិកា ឆ្នាំ២០០៨ រហូត​ដល់​ពេល​នេះ ក្រសួង​បានសហការជា​មួយ​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​បានដាក់​ជូនភាគី​ពាក់​ព័ន្ធ​ជាពិសេស​សហ​ជីព និង​និយោជក​ពិនិត្យ​ពីភាក្សា​ជាបន្ត​បន្ទាប់ និង​បានរៀប​ចំសិក្ខា​សាលាពិគ្រោះ​យោបល់​ជាសាធារ​ណៈចំនួន ០៧លើក ហើយ​មតិយោបល់​របស់​ភាគី​នីមួ​យៗ ត្រូវបានយកមកបញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងនោះក្រុមសហជីព ដែលកំពុងជំទាស់​នឹងច្បាប់​នេះ​ក៏បាន​ចូលរួម​ពិភាក្សា​ផង​ដែរ។
ខ្លឹម​សារនៃ​ច្បាប់​នេះ​ត្រូវ​បាន​កសាង​ឡើង ដោយ​ឈរលើ​រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាច​ក្រកម្ពុជា​អនុសញ្ញាលេខ ៨៧ និង​លេខ ៩៨ របស់​អង្គការ (ILO) ក៏​ដូចជា​ឈរលើ​បទ​ពិសោធន៍ របស់បណ្តាប្រទេស​មួយចំនួន​លើពី​ភពលោក ហើយ​សេចក្តី​ព្រាងច្បា​ប់មាន​ទម្រង់ និង​លក្ខណៈស្រប​តាមបទ​ដ្ឋាន​អន្តរជាតិ ជាពិសេស​ស្រប​តាម​តម្រូវ​ការជាក់ស្តែងរ​បស់កម្ពុ​ជា។ ច្បាប់នេះ​ក៏មាន​គោលដៅ​ទប់​ស្កាត់​មជ្ឈដ្ឋាន​មួយចំនួន​តូច ដែលមាន​ចេតនា​អាក្រក់​ចង់បន្តប្រើ​ប្រាស់កម្មករ និយោជិត ​ឬវិស័យទំ​នាក់ទំនងវិជ្ជាជី​វៈនៅកម្ពុជា បម្រើ​ដល់ផល​ប្រយោជន៍​របស់ខ្លូន ​និងបក្ខ​ពួក​ដោយ​មិន​បានគិត​អំពី ផល​ប្រយោជន៍​ពិតប្រាកដ​របស់កម្មករ​និយោ​ជិត​ផងដែរ។ ក្រសួង​ការងារ​ក៏បាន​អំពាវនាវ​ដល់ជន​ដែល​ស្ថិត​នៅក្នុងមជ្ឈដ្ឋាន​ទាំងនោះ​វិល​មកគិតផលប្រយោជន៍​កម្មក​រនិយោជិត និង​ផលប្រយោជន៍​ជាតិពិត​ប្រាកដ និងចូល​រួមគាំទ្រ​ដល់កា​រកសាងច្បាប់សហជីពនេះ៕
អត្ថបទ៖ សុភាព

សហ​ភាពអឺរ៉ុប ​សំដែង​ការព្រួយ​បារម្ភ​ ចំពោះ​ភាព​យឺត​យ៉ាវ ​នៃ​ដំណើរបការ​កាត់ក្តី​របស់​ អ.វ.ត.ក​ ថ្ងៃ សុក្រ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៥

សហភាព​អ៊ឺរ៉ុប​មានការ​ព្រួយបារម្មណ៏ អំពីភាព​យឺតយ៉ាវ នៃអង្គ​ជុំនំជុំរះ​វិសាមញ្ញ នៅក្នុ​ងតុលាការ​កម្ពុជា ដោយ​ចង់​ឲ្យ​ស្ថាប័ន​តុលាការកូន​កាត់​មួយ​នេះ ដំណើរ​ការទៅ​បាន​លឿន​និងឆាប់​រហ័ស​ទៅ​មុខ។
លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងាររ​វាង ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ជាមួយ​លោ PIERRE  AMILHAT ប្រធានគ្រប់គ្រង​តំបន់អាស៊ី ​មជ្ឈឹមបូព៌ា និងតំបន់​អាស៊ីប៉ា​ស៊ី​ហ្វិក នៅ​វិមាន​មិត្តភាព​នៃ​ទីស្តី​ការគណរដ្ឋម​ន្ត្រី នារសៀល​ថ្ងៃទី២៨ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា ដោយ​ផ្តោតជាសំខាន់ទៅលើ ដំណើរការរបស់ អង្គជុំនំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។
ជំរាប​ប្រាប់ ឯក​ឧត្តមឧប​នាយករដ្ឋ​មន្ត្រី សុខ អាន លោក PIERRE  AMILHAT មាន​ប្រសាសន៏ថា សហភាពអ៊ឺរ៉ុប មានការ​ព្រួយបារម្ភ អំពីការ​ពន្យាពេល​ក្នុង​ដំណើរ​ការកាត់​ក្តីយូរ របស់អង្គជំនុំជម្រះ វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ជាង​នេះប​ញ្ហាចំណាយ​លើដំ​ណើរការ របស់អង្គ​ជំនុំជម្រះវិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ក៏ជាក្តីកង្វល់​ផង​ដែរ អំពី​ទំហំចំណា​យគឺចេះតែកើ​នឡើងនោះ។
ទាក់ទិន​នឹងការលើក​ឡើងនេះ ឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ជំរាប​ជូន​ថា ទាំងកម្ពុ​ជាក៏ដូច​ជាភាគី​សហភាពអ៊ឺរ៉ុប និង​អង្គការ​សហប្រជា​ជាតិ គឺសុទ្ធ​តែបាន​ដឹង​ទាំង​អស់​គ្នាហើយថា ភាពយឺត​យ៉ាវ​របស់សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហមនេះ មិន​មាន​ភាគី​ណា អាចមក​ជ្រៀត​ជ្រែក លើ​កិច្ចការ​របស់​តុលាការ​នេះបាន​ទេ ពីព្រោះវា​ជានីតិវិធី​របស់​ចៅ​ក្រម និង​ព្រះរាជអាជ្ញា​នៃ អ.វ.ត.ក ។
នៅក្នុង​កិច្ចពិភាគ្សាគ្នា​នេះទាំង​ភាគី​កម្ពុជា  និងសហភាព​អ៊ឺរ៉ុប សុទ្ធ​តែបាន​បង្ហាញនូវ​ឆន្ទះ​និងបំណង​ក្នុង​ការចង់​ពន្លឿន​កិច្ចការ​របស់​សាលា​ក្តីកាត់​ទោស​មេដឹក​នាំខ្មែរ​ក្រហម​នេះធ្វើ​យ៉ាងណាឲ្យ​ដំណើរ​ការទៅ​បាន​ឆាប់​រហ័ស។
ទាក់​ទង​នឹង​ការ​ចំណាយ របស់​សាលាក្តី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ បើ​ទោះ​បី​ភាគីសហភាព អឺរ៉ុប​មាន​ការព្រួយ​បារម្ភ​ក៏ពិត​មែន  ក៏ប៉ុន្តែជា​នយោ​បាយ សហភាព​អ៊ឺរ៉ុប​នៅ​តែបន្តគាំ​ទ្រចូល​រួម វិភាគ​ទាន​ដើម្បី​ទ្រទ្រង់​ដល់​ដំណើ​រការ របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាកា​រកម្ពុជា នេះជាបន្ត​ទៅមុខ​ទៀត។

Thursday, May 28, 2015

ក្រសួងកសិកម្ម​ប្តេជ្ញាអនុវត្ត​ គោលន​យោ​បាយ​ផ្សព្វផ្សា​យកសិកម្មឲ្យ​ទទួល​បាន​លទ្ធផល​ជាផ្លែផ្កា​

ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ព្រឹក​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥ បាន​ប្តេជ្ញាថា ឯកឧត្តម នឹង​ពង្រឹង​បន្តអនុវត្ត​គោល​នយោបាយក​សិកម្ម ដែលមានជំហានៗ ទៅដល់​សាធារណជន នៅទូទាំង​ប្រទេស​ឲ្យទទួល​បាន​លទ្ធផលជា​ផ្លែ​ផ្កាក្នុងពេល​ខាង​មុខ​នេះ។
ការថ្លែង​របស់ ឯក​ឧត្តម រដ្ឋម​ន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ធ្វើឡើង ក្នុងសិក្ខាសាលា​ដាក់​ឲ្យប្រើប្រាស់ គោលន​យោបាយ​ផ្សព្វផ្សាយក​សិកម្ម​នៅកម្ពុជា នាសណ្ឋាគារកាំ​បូឌី​យ៉ាណា​ រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៨​ ឧសភា​នេះ ដោយ​មាន​ការសហការ​ជាមួយ ទីភ្នាក់​ងារសហរដ្ឋអាម៉េរិក​សម្រាប់ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ ( USAID) ដើម្បីបន្តគោលនយោបាយ​ផ្សព្វផ្សាយក​សិកម្ម​ដែល​មាន​ជំហ៊ានៗ ទៅដល់​សាធារណជន នៅទូទាំង​ប្រទេស។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ផង​ដែរថា រាជរដ្ឋា​ភិបាល​បាន​ចាត់​ទុកថាវិស័យក​សិកម្ម​នៅតែមាន​តួនាទី​សំខាន់ ក្នុង​ការទ្រទ្រង់​កំណើន​សេដ្ឋកិច្ចធានាសម​ធម៌ ធានាសន្តិសុខ​ស្បៀង និងជំរុញ​ការអភិវឌ្ឍន៍ វិស័យ​សេដ្ឋកិច្ច​នៅជន​បទ។
នៅក្នុងសិក្ខា​សាលា​នេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន បាន​បញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ មានឆន្ទៈ និងបាន​តាំង​ចិត្ត​យ៉ាងមុត​មាំ ក្នុង​ការដឹក​នាំ​អនុវត្តគោល​នយោបាយផ្សព្វផ្សាយ​កសិកម្ម និង​អំពាវនាវ​ក្នុងស្មារតី​លើក​ទឹក​ចិត្ត ដល់​អ្នក​ផ្ដល់​សេវា​ផ្សព្វផ្សា​យក​នសិកម្មទាំង​អស់ ទាំង​ក្នុង​វិស័យសា​ធារណៈ  វិស័យ​ឯក​ជន ដៃគូ​អភិវឌ្ឍន៍ កសិករ​ក៏ដូច​ជា សហគមន៍កសិករ ចូល​រួម​ទាំង​អស់​គ្នា និង​ជួយ​គាំទ្រការ​អនុវត្តន៍ គោល​នយោបាយ​ផ្សព្វផ្សាយក​សិកម្មនេះ។​

គោល​នយោបាយ​ផ្សព្វផ្សាយក​សិកម្ម ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យទទួល​បាន​លទ្ធ​ផល​ជាផ្លែផ្កា និងមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​រួម​ចំណែក​លើក​កម្ពស់ ការអភិវឌ្ឍន៍​វិស័យក​សិកម្ម ដើម្បីទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​រួម​ចំណែកសម្រេច​គោលដៅនៃ​កំណែទម្រង់ ដើម្បី​ចីរភាព នៃការអភិវឌ្ឍន៍​ប្រទេស​ជាតិ។
ឯកឧត្តម​រដ្ឋមន្រ្តី​បន្តថា ” ដើម្បី​សម្រេច​បាន​នូវការ​ធ្វើទំនើប​កម្ម ការលើក​កម្ពស់ផលិត​ភាព ពិពិធភា​វូប​នីយកម្ម កសិកម្ម និងចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ និង​សហគមន៍ កសិករ យើង​ចាំបាច់​ត្រូវ​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយក​សិកម្ម ដែល​អាច​ធានា​ការផ្ទេរ និង​ចែករំលែក​ចំណេះ​ដឹង ព័ត៌​មាន និង​បច្ចេក​វិទ្យា ដោយ​ការតភ្ជាប់​ទំនាក់​ទំនង​រវាង​កសិករ និង​សហគមន៍​កសិករ ទៅ​នឹង​ទីផ្សារផលិតផល និង​តួអង្គ​ផ្សេងៗនៅ​ក្នុង​ខ្សែចង្វាក់​តម្លៃ ដោយ​ត្រូវ​យក​ចិត្តទុក​ដាក់ផ្ដល់​ការគាំ​ទ្រដល់​ប្រជាជន​ក្រីក្រ ងាយ​រងគ្រោះ និងការតភ្ជាប់​រវាង​ជន​បទ និង​ទីប្រជុំ​ជន​

អត្ថបទ៖ សុភាព

អគ្គិសនីកម្ពុជាប្រកាសថា មានបន្ទប់ជួល ចំនួន ៧៧០៣៥ ហើយ ត្រូវបានភ្ជាប់ចរន្ត អគ្គិសនី តំលៃ៦១០រៀល

គិតត្រឹមថ្ងៃទី​ ២៧​ ខែឧសភា​ ឆ្នាំ​ ២០១៥​ មាន​បន្ទប់ជួល​ សំរាប់​កម្មករ​ កម្មការិនី​ និង​និស្សិតជិត​៨ម៉ឺន​បន្ទប់​ហើយដែល​ត្រូវ​បាន​តភ្ជាប់​ចរន្តអគ្គិសនី​ក្នុងតំលៃ​៦១០រៀល
ហើយកិច្ចការ​តភ្ជាប់បណ្តាញ​អគ្គិសនី​ក្នុងតំលៃ​ទាបនេះ​និងគ្រោង​បញ្ចប់​នៅ​អំឡុងខែកក្កដា
ឆ្នាំ២០១៥ខាងមុខ​នេះ​។      
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អគ្គិសនី​កម្ពុជា​ ចុះថ្ងៃ​ទី២៨​ ខែឧសភា​ ឆ្នាំ​២០១៥នេះ​ បាន​ឲ្យ​ដឹង​ថាយុទ្ធនា​ការ​ចុះ​តភ្ជាប់​ចរន្ត​អគ្គិសនី​តំលៃ​៦១០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ សម្រាប់អ្នកប្រើក្រោម​៥០គីឡូវ៉ាត់​ក្នុង​មួយ​ខែ​ដែល​ជា​តំលៃ​អនុគ្រោះ​របស់រាជរដ្ឋាភិបាល
ផ្តល់ជូន​ដល់​កម្មករ​កម្មការិនី​និយោជិត​និង​និស្សិត​ដែល​ស្នាក់នៅ​ផ្ទះជួល​គឺ​សម្រេច​បានចំនួន​
៧៧.០៣៥បន្ទប់​ហើយ។​
ការ​តបណ្តាញ​អគ្គិសនី​និង​ដំឡើង​កុងទ័រ​ដល់​កន្លែង​ស្នាក់​នៅរបស់​កម្មករ​កម្មការិនី​ និងនិស្សិត​
ដែល​កំពុង​បន្ត​ការសិក្សា​និង​ស្នាក់នៅ​ផ្ទះជួល​ក្នុង​រាជធានី​ភ្នំពេញ​គឺបាន​ចាប់ផ្តើម​កាលពី
ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៥​។ យុទ្ធនា​ការ​តបណ្តាញ​អគ្គិសនី​ និង​ដំឡើង​ កុងទ័រ​ជូន​អ្នក​ជួល
​បន្ទប់និង​ជួលផ្ទះ​ ក្នុងជំហាន​ទី២​ កំពុង​ធ្វើឡើង​ក្នុង​ខណ្ឌ​សែនសុខ​ ព្រែកព្នៅ ​ពោធិ៍សែនជ័យ
​ចំការមន​ ច្បារ​អំពៅ​ ជ្រោយចង្វារ​ មានជ័យ​ និង​ ខណ្ឌ​ឬស្សីកែវ​។
តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល​នេះ​បាន​បញ្ជាក់ថា​ការសម្រេច​បាន​នូវលទ្ធផល​នៃ​ការ​តភ្ជាប់​
បណ្តាញ​ក្នុង​រយៈកាល​កន្លង​ទៅនេះ​ ក៏ដោយ​សារតែ​មានការ​ចូល​រួមយ៉ាង​ផុសផុល​ពីសំណាក់​
ម្ចាស់​ផ្ទះជួល​ដែលបាន​ផ្តល់ការ​សហការ​យ៉ាងល្អ​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​កងកម្លាំង​
ប្រដាប់​អាវុធ​គ្រប់ជាន់​ថ្នាក់​ ដែល​បានផ្តល់​ការគាំទ្រ​ និសហការ​ពេញលេញ​។ អគ្គិសនី​កម្ពុជា​ នឹង​បន្ត​ការងារ​នេះយ៉ាង​សស្រាក់​សស្រាំ​ រហូត​ដល់​យុទ្ធនា​ការត្រូវ​បានបញ្ចប់​ទាំងស្រុង​៕


អត្ថបទ៖ សុភាព

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអញ្ជើញមន្ត្រីរាជការ ចួលរួមក្នុងព្រះរាជពីធី ដង្ហែសញ្ញាបត្រ ព្រះរាជគោរមងារ កិត្តិយស “ព្រះស្រីលោកធម្មិករាជ” ថ្វាយព្រះមហាក្សត្រខ្មែរ

យោងតាម​លិខិតមួយ ​របស់គណៈ​កម្មាធិការជាតិ​ រៀបចំបុណ្យជាតិ​-អន្តរជាតិ ចុះថ្ងៃទី ២៦ ​ខែឧសភា​ ឆ្នាំ២០១៥ ​ដែលចុះហត្ថលេខា​ដោយ ​ឯកឧត្តម ឈិន កេតនា​ អនុប្រធានគណៈ​កម្មាធិការជាតិ ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​អនុប្រធានអចិន្ត្រៃយ៍​ និងជាអគ្គលេខា​ធិការនៃ ​គណៈកម្មាធិការជាតិ ​រៀបចំបុណ្យជាតិ-អន្តរជាតិ​ ដែលបានផ្ញើរជូនទៅ​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ បានឲ្យដឹងថា ​យោងតាមស្មារតី​អង្គប្រជុំអន្តរក្រសួង ​ថ្ងៃទី ២៦ ​ខែឧសភា ​ឆ្នាំ២០១៥ ​នៅអគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-​អន្តរជាតិ​ គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​-អន្តរជាតិ ​សូមអញ្ជើញមន្រ្តី​រាជការ ​ចូលរួមក្នុងព្រះរាជ​ពិធីដង្ហែសញ្ញាបត្រ​ ព្រះរាជគោរមងារកិត្តិយល​ ព្រះស្រីលោក​ធម្មិករាជ ថ្វាយព្រះករុណជាអម្ចាស់​ជីវិតលើត្បូង ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធី​ដង្ហែសញ្ញាបត្រ ​ព្រះរាជគោរមអារកិត្តិយស ​ព្រះស្រីលោកធម្មិករាជ ថ្វាយព្រះ​ករុណាព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ​នឹងត្រូវប្រារព្ធព្រះរាជពិធី​ នៅថ្ងៃពុធ ទី៣ ខែមិថុនា ​ឆ្នាំ២០១៥ ​វេលាម៉ោង ​៦:០០នាទីព្រឹក។​ អាស្រ័យដូចបាន​គោរពជម្រាប​ជូនខាងលើ ​សូម ​ឯកឧត្តមរដ្ឋមន្រ្តី ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ មេត្តាអនុញ្ញាតចាត់​ឲ្យមន្រ្តីរាជការ​ក្រោមឱវាទចំនួន ​៥០នាក់ ​ចូលរួមក្នុងព្រះរាជ​ពិធីខាងលើ​ ដោយឈរអមសង​ខាងមហាវិថី​សម្តេចសុធារស ​ចាប់ពីនាគបាញ់ទឹក​ដល់មុខតុលាការកំពូល​ (រដ្ឋសភាចាស់)។
​លិខិតដដែល​ ក៏បានស្នើសុំឲ្យក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ ចាត់តំណាងឲ្យមក​ទទួលយកស្លាក​សញ្ញាផ្សេងៗ ​នៅអគ្គលេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិ​ រៀបចំបុណ្យ​ជាតិ-អន្តរជាតិ ​ឲ្យបានមុនថ្ងៃទី០២​ ខែមិថុនា ​ឆ្នាំ២០១៥៕
អត្ថបទ៖ សុភាព

អាជ្ញា​ធរជាតិអប្សរា​ បង្ហាញ​ថាការបាក់​រលំដើម​ឈើ ​នៅតំបន់​អង្គរកាល​ពីថ្ងៃទី២៦ ​ខែឧសភា​ ឆ្នាំ២០១៥​ គឺមិនមានការខូចខាត​ ទ្រព្យសម្បត្តិ​ណាមួយឡើយ

យោងតាមសេច​ក្តីប្រកាសព័ត៌​មាន​របស់អាជ្ញាធរជាតិ​អប្សរា ស្តីពីការ​ដួលរ​លំដើម​ឈើ និងបាក់មែក​ឈើនៅតំបន់​អង្គរ ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យ​ដឹង​ថា កាល​ពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥កន្លង​ទៅនេះ មាន​ភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង​បក់​បោកលើតំបន់​អង្គរ ហើយ​បង្កឲ្យ​មាន​ការដួល​រលំដើម​ឈើចំនួន​០៣​ដើម និង​មែក​ឈើចំនួន​០២មែក នៅតាម​ទីតាំង​មួយ​ចំនួន​ដូច​ជាង ១-នៅចំណត​រថយន្ត​មុខអង្គរខាង​លិច ដួល​រលំដើមត្នោត០១ដើម២-នៅ​តាម​ផ្លូវ​មុខ​អង្គរខាង​លិច​ហួស​វហាង Angkor Cafee បន្តិច បាក់​មែក​សង្កែ ០២មែក និង៣-នៅក្នុងវត្តព្រះ​អង្គកងជុំ ដួលរ​លំដើម​ឈើទាល​ ០១ដើម និង​ដើម​ម្កាត់​ព្រៃ០១ដើម។
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការបាក់រលំដើម​ឈើ និង​មែក​ឈើខាង​លើនេះ ពុំមាន​ប៉ះពាល់​បង្កការខូច​ខាតដល់​ទ្រព្យសម្បត្តិសាធារណៈ និង​ទ្រព្យសម្បត្តិ​របស់វត្ត​ឡើយ។ ឥឡូវ​នេះក្រុម​ការងារ​អង្កេត និង​ស្រាវជ្រាវ​ដើម​ឈើមាន​ហានិភ័យ​នៃនាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេស​ភាព​វប្បធម៌ និងបរិស្ថាន​របស់អាជ្ញាធរជាតិ​អប្សរា​កំពុង​រៀបចំកាត់​សម្អាត និង​ដឹកជញ្ជូន​ដើម​ឈើដែលអាច​ប្រើប្រាស់​បាន យក​ទៅតម្កត់​ទុកនៅឃ្លាំងឈើ​ប្រាសាទ​តានៃ សម្រាប់បម្រើការ​ផ្សេងៗតាមតម្រូវ​ការចាំ​បាច់របស់​អាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ សុភាព

អាជ្ញាធរ​ជាតិអប្សរា​ នឹងបើក​កិច្ចប្រជុំ​បច្ចេកទេស​លើកទី២៤​ របស់ខ្លួន​នៅថ្ងៃទី​ ៤-៥ខែមិថុនា​ ឆ្នាំ២០១៥​ខាងមុខ​

យោង​តាមសេចក្តីប្រកាស​ព័ត៌មាន ​របស់​អាជ្ញាធរជាតិ​អប្សរា ចុះថ្ងៃទី ២៦ ខែ​ឧសភា ​ឆ្នាំ២០១៥ ស្តីពីកិច្ច​ប្រជុំបច្ចេកទេស​លើកទី ២៤ របស់គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និងអភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅកាត់​ថា អាយ​ស៊ី​ស៊ី-អង្គរ បាន​ឲ្យដឹង​ថា គណៈ​កម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីដ្ឋាន​ប្រវត្តិសា​ស្ត្រអង្គរហៅ​កាត់​ថា អាយស៊ីស៊ី-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor)នឹង​បើកកិច្ចប្រជុំបច្ចេកទេស​លើក​ទី ២៤ របស់​ខ្លួន នៅថ្ងៃទី ៤-៥ខែមិថុនា ឆ្នាំ២០១៥ នាសាលសន្និសីទ​អង្គរ នៅមជ្ឈមណ្ឌល​អាជ្ញាធរជាតិ​អប្សរា។
កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរ នឹងប្រារព្ធ​ឡើង​ក្រោម​អធិបតី​ភាព ឯក​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី និង​ជាប្រធានអាជ្ញាធរ​ជាតិអប្សរា រួម​នឹង​សហប្រធានគណៈកម្មាធិ​ការអន្តរ​ជាតិ អាយ​ស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ហ្សូហ្គាវា (Takahisa TSUGAWA) អនុប្រធាន​បេសកម្ម​នៃស្ថានទូត​ជប៉ុន និង​លោក រ៉ូម៉ាំង​លូវ៉េ (Romain LOUVET) ទីប្រឹក្សាផ្នែក​សហប្រតិ​បត្តិការ និងកិច្ចការវប្បធម៌​នៃស្ថានទូត​បារាំង។
របៀបវារៈ​នៃកិច្ចប្រជុំបច្ចេក​ទេស​លើក​ទី ២៤នេះ នឹង​ផ្តោត​ទៅលើ ចំណុច​៣សំខាន់​ៗ រួម​មាន ១-ការតាម​ដាន​អនុវត្តអនុសាសន៍កិច្ច​ប្រជុំប​ច្ចេកទេសលើក​ទី ២៣ និង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី២១ គណៈកម្មាធិការអន្តរ​ជាតិអាយ​ស៊ីស៊ី-អង្គរ អំពីកិច្ចការ​អភិរក្ស ជួស​ជុល និង​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព២-ការងារ​អភិរក្ស ស្រាវ​ជ្រាវ​បុរាណវិទ្យា និងបណ្តុះបណ្តាល​ និងទី ៣- គម្រោង​ថ្មីៗ​នៅរមណីយ​ដ្ឋាន​អង្គរ៕

អត្ថបទ៖ សុភាព

អាជ្ញាធ​រជាតិអប្សរា ​រកឃើញរូបចម្លាក់​ដ៏កម្រ​មួយ​ចំនួន​ ក្នុងសកម្មភាព​ធ្វើកំណាយ​បុរាណវិទ្យា​នៅប្រាសាទ​នាគព័ន្ធ​

យោងតាម​កំណត់​ហេតុរបស់​ក្រុម​ធ្វើកំណាយ​ របស់​អាជ្ញាធរ​ជាតិអប្សរា បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង​ប្រមាណ ៣រសៀល ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះមកទទួលយក​ព្រះកេស​បដិមាមួយ នៅការដ្ឋាន​កំណាយ​បុរាណ​វិទ្យា នៃ​នាយ​កដ្ឋានទឹក ក្នុងប្រាសាទ​នាគព័ន្ធ ស្ថិតក្នុង​រមណីដ្ឋាន​ ឧទ្យាន​អង្គរ ខេត្ត​សៀម​រាប។ ព្រះកេសបដិមានោះ​មានទំហំកំពស់ ២៤សង់ទីម៉ែត្រ និងកំរាស់ ១៦សង់ទីម៉ែត្រ។ សម្មកភាព​នោះមាន​ការចូល​រួម​ពី ប៉ូលីស នគរបាល​ការពារ​បេតិកភ័ណ្ឌ នាយក​ដ្ឋានទឹក នាយ​កដ្ឋានក្នុង​ឧទ្យាន និង​មជ្ឈមណ្ឌលក្នុង​ឯកសារ។
កំណាយ​ស្រាវជ្រាវ​បុរាណ​វិទ្យា របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ព្រះកេស បំណែកព្រះពុទ្ធ​រូប រូម​នឹង​បំណែក​បាក់​បែក​មួយ​ចំនួន​ទៀត នៅប្រាសាទ​នាគ​ព័ន្ធ ខណៈ​ដែល​ក្រុមកំណាយ​ស្រាវ​ជ្រាវ​បុរាណ​វិទ្យារបស់អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើកំណាយ ក្នុង​គោល​បំណងពិនិត្យ​មើល ភាព​ទំនាក់​ទំនង​រវាងរ​ចនាសម្ព័ន្ធ នៃការកសាង​ស្រះ​ទឹក ក៏ដូច​ជា​ប្រាសាទ​តូចៗទាំងបួន​នៅប្រាសាទ​នាគ​ព័ន្ធ។
លោក ឡុង កុសល ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការធ្វើកំណាយ​បូរាណ​វិទ្យា​នៅប្រាសាទ​នាគព័ន្ធ​នេះ បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ តែ​ដោយ​ការកំណាយ​នេះ បាន​ប្រទះ​ឃើញ​រួប​ចម្លាក់ ដ៏​កម្រមាន ឬ ស្ទើរ​តែ​មិន​ដែល​មាន និងជួប​ប្រទះនោះ ក្រុម​កំណាយ​ស្រាវ​ជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា នឹង​គ្រោង​ដាក់​ពាក្យ​ស្នើសុំធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ដ​ទៀត ។
ព្រះកេសបដិមា​ទ្រង់​ម្កុដ ដែល​បានប្រះទះ​ឃើញ​នោះ មាន​ទទឹង ១៦សង់​ទីម៉ែត្រ និង កំពស់ ២៤សង់ទីម៉ែត្រ និង ព្រះពុទ្ធបដិមាស្ថិត​ក្នុង​ឥរិយាបថ ព្រះហស្ថទ្រ​បាត្រ មាន​កំពស់ ៦០សង់​ទីម៉ែត្រ ទទឹង ២២សង់​ទី​ម៉ែត្រ ( បែកបាក់ ឥតមានព្រះ​កេស និងព្រះបាត​នោះទេ ) រួម​ជា​មួយនឹង​បំណែក​បូរាណ​វត្ថុ​ផ្សេងៗ មួយ​ចំនួន​ទៀត​ផង​ដែរ។ បូរាណ​វត្ថុ​ទាំង​អស់​នេះ ​កសាង​អំពី​ថ្មភក់។ ហើយ​ព្រះកេស​ព្រះពុទ្ធរូប​ ទំហំ​១៦សង់​ទីម៉ែត្រ​ កំពស់​២៤សង់​ទីម៉ែត្រ​ធ្វើ​ពី​ថ្ម​ភក់ ស្ថិតក្នុងរចនាបថ​បាយ័ន ។
លោក ឡុង កុសល បាន​បន្ថែម​ថា ព្រះ​កេសបដិមា​ទ្រង់ម្កុដ ដែល​បាន​ប្រទះ​ឃើញ​នោះ ត្រូវបានយក​ទៅរក្សា​ទុក ជា​បណ្តោះអាសន្ន នៅ​ទីស្នាក់​ការ​អាជ្ញាធរជាតិ​អប្សរាហើយ ដើម្បី​ធ្វើ​ការស្រាវ​ជ្រាវ​បន្ត និងចុះ​បញ្ជីបេតិកភណ្ឌ​ស្រប​តាម​គោលការណ៍​អភិរក្ស មុន​នឹង​យក​ទៅ​រក្សា​ទុកនៅសារ​មន្ទីរ៕

អត្ថបទ៖ សុភាព