Wednesday, July 30, 2014

សម្តេចតេជោអបអរសាទរចំពោះប្រធានាធិបតីជាប់ ឆ្នោតសាធារណរដ្ឋឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើសារ​លិខិត​ជូន​ ចំពោះ​ឯកឧត្តម​ ចុកុវី វីដុដុ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នាធិប​តី​សាធារណរដ្ឋ​ ឥណ្ឌូណេស៊ី​ កាល​ពី​ពេល​ថ្មីៗនេះ។​
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ ថា សម្តេច​តេជោនាយករដ្ឋមានប្រសាសន៍ថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមាន​កិត្តិយស​សូម​សម្តែង​នូវការអបអរ សាទរយ៉ាងកក់ក្ដៅ និងដោយស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ដែល​បានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដោយមាន​ជំនឿ​ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ី ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត ក្នុងបណ្ដា​ឆ្នាំខាងមុខសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាសម្រាប់ផល​ប្រយោជន៍​រួម នៃគ្រួសារអាស៊ានទាំងមូលផង ដែរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ និងសូមទទួលនូវសព្វសាធុការពរ ប្រកប​ដោយ​​សុខភាពល្អ និងជោគជ័យធំធេងក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្តម និងសូមវិបុលភាព​កើតមានបន្តទៀត សម្រាប់ប្រជាជនឥណ្ឌូណេស៊ី៕
ដោយ ជ័យ ភូមិពល

ប្រទេសបារាំងមានការរីករាយយ៉ាងខ្លាំងចំពោះ ការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ 
ឯកឧត្ដម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតថ្មី នៃ សាធារណរដ្ឋ បារាំងប្រចាំ កម្ពុជាបានថ្លែងថា ប្រទេស បារាំង មាន ក្តីរីករាយ យ៉ាងខ្លាំង ចំពោះ ការវិវត្ត ផ្នែកនយោបាយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ហើយបារាំងសូមស្វាគមន៍ និងសង្ឃឹមថា គណ បក្សនយោបាយទាំងពីរនឹងសហការគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកម្ពុជាកំពុងតែ ប្រឈមនោះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុង ជំនួបសម្តែង ការគួរសមលើកដំបូង ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ ឯកឧត្ដម Jean-Claude Poimboeuf បានថ្លែងថា បារាំងតែងតែស្ថិតនៅក្នុង និងដើរ ទន្ទឹមនៅជាមួយកម្ពុជាជានិច្ច នេះហើយជា បេសកកម្មការទូតរបស់ឯកឧត្ដមមកកាន់ព្រះរាជា ណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្ដមឯកអគ្គរដ្ឋ ទូតថ្មី នៃប្រទេស បារាំងប្រចាំកម្ពុជា និងថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលតែងតែ ផ្ដល់នូវកិច្ចសហ ប្រតិបត្តិការ ល្អក្នុងការជួយដល់ព្រះជាណាចក្រកម្ពុជា។ សម្ដេចតេជោមាន ប្រសាសន៍ថា ពីមុនកម្ពុជាបាន ទទួលកង ទ័ពមួកខៀវមកកាន់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែឥឡូវនេះកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅ ប្រទេស ក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសម្ដេចបានស្នើសុំឲ្យបារាំងយកចិត្តទុកដាក់ ក្នុងការជួយមើល ថែទាំគ្នាទៅវិញទៅមក នៅក្នុងបេសកកម្មប្រតិបត្តិការរក្សាសន្តិភាព នៅប្រទេសក្រៅបន្ថែម ទៅលើក្រប ខ័ណ្ឌ អង្គការ សហប្រជាជាតិ។ សម្ដេចក៏បានសម្ដែងនូវការរីរាយចំពោះការរីកចម្រើនលើកិច្ចសហប្រតិបត្តិ ការនានារវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ថា តួនាទីបារាំងគួរតែនឹកទៅដល់ជំនួបកំ ពូលនៅ ឆ្នាំ ១៩៨៧ នៅទីក្រុងប៉ារីស ដែលពេលនោះបារាំងបានលើកទឹកចិត្ត និងយកចិត្តទុក ដាក់សម្របសម្រួល និងឈានដល់ការចុះហត្ថលេខា ហើយបន្ទាប់មកបារាំងក៏បានចូលរួមចំ ណែកក្នុងការជួយអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងថ្លែងថា បារាំងនៅតែបន្តសហការជួយដល់កម្ពុជា ក្នុងកិច្ច ប្រតិបត្តិការ រក្សាសន្តិភាព ហើយបារាំងក៏ចង់ជួយកម្ពុជាធ្វើយ៉ាងណាឲ្យក្លាយជាប្រទេសគំរូ មួយសម្រាប់ប្រទេស ដទៃទៀត និងបានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋ មន្ត្រី ដែលបានមានប្រសាសន៍ ជាវិជ្ជមានចំពោះប្រទេសបារាំងក្នុងការជួយដល់ប្រទេសកម្ពុជា នោះ៕
ដោយ ជឹម ណារី

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូចដែលចេញវិញ្ញាសាក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ធ្វើការ​អំពាវ​នាវ​ដល់​សា​ធារ​ណ​ជន ​មាតាបិតា​ ឬអ្នក​អា​ណា​ព្យា​បាល​ និង​សិស្សា​នុសិស្ស​ទាំង​អស់​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជនខិល​ខូច​មួយ​ចំនួន​ ដែល​បាន​ធ្វើវិញ្ញា​សាក្លែង​ក្លាយ​គ្រប់​មុខ​វិជ្ជា​ សម្រាប់​ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជានាដើមខែសីហាខាមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន​បានធ្វើវិញ្ញាសាគ្រប់មុខវិជ្ជា​សម្រាប់ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដោយភូតកុហកថា ជាវិញ្ញាសាបែកធ្លាយមុនពេលប្រឡង ក្នុងគោលបំណង​លក់ឬ​ចែកចាយ ដើម្បីរកប្រាក់ចំណេញ។ ការប្រព្រឹត្តអំពើទាំងនេះមានលក្ខណៈផ្ទុយនឹងច្បាប់ជាធរមាន ដូចនេះ​ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការថ្កោលទោសចំពោះជនដែលបាន​ប្រព្រឹត្តអំពើ​ល្មើស​បែបនេះ។
ទន្ទឹមនឹងនេះ ក្រសួងសង្កេតឃើញថា មានការបើកបង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយប្រើទម្រង់វិញ្ញាសា ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូច គ្នាទៅនឹងវិញ្ញាសា ដែលធ្លាប់បាន​ចេញក្នុង​ពេលប្រឡងកន្លងមក ដែលទង្វើនេះបង្កឲ្យមានការភាន់ច្រឡំពីគ្រប់មជ្ឈដ្ឋាន និងសាធារណ​ជនថា មានការបែកធ្លាយវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន មាតាបិតា ឬអាណា ព្យាបាល និង​សិស្សានុសិស្សទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំឲ្យមានការភាន់ច្រឡំ ឬចាញ់បោក ការផ្សព្វផ្សាយ​របស់​ជនឆ្លៀតឱកាស ដើម្បីកេងរកផលចំណេញក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះ​ឲ្យសោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៤ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៩៣ ៤៥៦ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​១៥៤មណ្ឌល ចែកចេញជា៣ ៧៧៩បន្ទប់នៅទូទាំងប្រ ទេសកម្ពុជា។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ ដោយនៅឆ្នាំមុនក្រសួង អប់រំ យុវជន និងកីឡា បាន​រៀបចំ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ កន្លះគឺនៅថ្ងៃទី៥ ទី៦ ទី៧ ខែសីហា ឆ្នាំ២០១៣ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១០៧ ៨៣៥ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​២៣៤មណ្ឌល ចែកចេញជា៣ ៤៩០បន្ទប់។ សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកាត់​បន្ថយការប្រឡងមករយៈពេលពីរថ្ងៃ វិញ ដោយសារតែក្រសួងបានកាត់បន្ថយវិញ្ញាសា​ប្រឡងពី១០មុខវិជ្ជា​មកត្រឹម៧មុខវិជ្ជាវិញ៕
ដោយ ជឹម ណារី

សម្ដេចតេជោនាយករដ្ឋមន្ត្រីហៅការផ្ដល់សុពលភាពសភា ដល់ឯកឧត្ដម សម រង្ស៊ី ជាបរិយាកាសមួយល្អ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
សម្ដេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​សុពលភាព​សភា​ដល់​ឯក​ឧត្ដម​ សម ​រង្ស៊ី​ ជា​ដំណើ​ការ​ល្អ​ហើយ ​ដែល​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អាច​យល់​បាន​អំពី​ការ​សម្រប​សម្រួល​មួយ ​បើទោះ​ជាមិន​ មាន​វត្ត​មាន​សព្វ​គ្រប់​ទាំង​អស់​ ប៉ុន្តែ​ឯក​ឧត្ដម​ សម​ រង្ស៊ី​ គឺ​ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​អញ្ជើញ​មក ​ដើម្បីទទួលយកនូវសុពលភាព ដូច្នេះយើងអាចនិយាយបានថាជា បរិយាកាសមួយល្អ។
ឯកឧត្ដម សម រង្ស៊ី ត្រូវបានសម័យប្រជុំសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប្រកាសសុពលភាពជាសមាជិករដ្ឋសភានីតិកាលទី៥ មណ្ឌលខេត្តកំពង់ ចាម ដែលសម័យ​ប្រជុំនេះ​បានធ្វើ​ឡើង​ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមរបស់​សមាជិក សមាជិកាសភាមកពីគណបក្សប្រជា ជនកម្ពុជាចំនួន៦៤រូប។
សម្ដេចតេជោបានថ្លែងមកកាន់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំសភាថា ខ្ញុំក៏ បានឆ្លៀតបន្តិចជជែក​ជាមួយឯកឧត្ដម សម រង្ស៊ី ទៅលើបញ្ហាការជ្រើសរើសទុកជាមុននូវ បេក្ខភាពម្នាក់ នៃសមាជិកគណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរ ត្រូវមានការស្រុះស្រួល ប៉ុន្តែគោរព​សិទ្ធិទៅ​ដល់​សាម៉ីខ្លួន យើងគិតថាមិនទាន់ជាឱកាសសម ស្របប្រហែលជាត្រូវរង់ចាំប៉ុន្មានម៉ោងទៀតនូវពេលវេលា ដែលសាម៉ីខ្លួនឆ្លើយតបជាផ្លូវការ មកចំពោះខ្ញុំ។
ឯចំពោះសមាសភាពដែលជ្រើសរើសដោយគណបក្សប្រជាជនក៏សុំរក្សាសិទ្ធិ ដែរ ព្រោះថា បញ្ហាបោះ​ឆ្នោតជ្រើសរើសត្រូវធ្វើនៅក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រូវធ្វើ នៅក្រោយវិសោធន​កម្មច្បាប់​បោះឆ្នោត ដូច្នេះនៅសល់ពេលវេលាដែលខ្ញុំមិនអាចបញ្ជាក់ជូន បាន ។
ឯកឧត្ដម សមរង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា វិបត្តិនយោបាយនៅកម្ពុជាគឺត្រូវ បានបញ្ចប់ហើយជា​គោលការណ៍ និងស្មារតី នៅសេសសល់តែនីតិវិធី បែបបទខ្លះ ដែលនឹង ត្រូវធ្វើក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។ ខ្ញុំសង្ឃឹមហើយជឿជាក់ថា នេះជាដំណាក់កាលថ្មីមួយ ដើម្បីពង្រឹងឯកភាព​ជាតិខ្មែរទាំង​អស់រួបរួម​គ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារផលប្រ យោជន៍ជាតិយើង ជាពិសេសការពារផលប្រយោជន៍ លើកតម្កើងជីវភាពរស់នៅរបស់ប្រជា រាស្ត្រ។
ជាមួយសំណួរដែលថា តើគណបក្សសង្គ្រោះជាតិចូលស្បថសច្ចាប្រណិធានថ្ងៃណា នោះ ឯកឧត្ដម សម រង្ស៊ី ថ្លែងថា នៅមាននីតិវិធីបែបបទបន្តិចបន្តួចដែលត្រូវបំពេញ ដូចជា នីតិវិធីប្រកាស​បេក្ខជន​គណៈ​កម្មាធិការ​ជាតិរៀបចំការបោះឆ្នោតបេក្ខជនទី៩ ដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិបានព្រមព្រៀងគ្នា ហើយនិងមានការបញ្ជាក់ក្នុង ថ្ងៃនេះឬក្នុងពេលឆាប់ខាងមុខនេះ ដើម្បីបង្ហាញ​ថាវិបត្តិនយោបាយបានបញ្ចប់ហើយនោះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ក្នុងសម័យប្រជុំសភាវិសាមញ្ញថា យោងតាមមាត្រា៨២ថ្មី វាក្យខណ្ឌចុងក្រោយនៃរដ្ឋធម្មនុញ្ញ និងប្រការ២ នៃបទបញ្ជាផ្ទៃ​ក្នុងនៃ​រដ្ឋសភា​ដែល​ចែងថា តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារ​ចែងក្នុង​ឧបសម្ព័ន្ធ​ទី៥ នៃរដ្ឋធម្មនុញ្ញ។
សូមឯកឧត្ដមអគ្គលេខាធិការនៃរដ្ឋសភាទាក់ទងជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធី​សច្ចាប្រណិ​ធានជូន ឯកឧត្ដម សម រង្ស៊ី តំណាងរាស្ត្រថ្មីមុននឹងចូលទៅកាន់តំណែងនោះ៕
ដោយ ជឹម ណារី

ព្រះមហាក្សត្រថ្លែងអំណរគុណរដ្ឋមន្រ្តីក្រសួងព័ត៌មានដែលរៀបចំផ្សព្វផ្សាយ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋបានល្អប្រសើរ


AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
យោងលិខិតមួយច្បាប់ដែលចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ របស់សម្តេចចៅហ្វាវាំង វវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ព្រះបរម​រាជវាំង បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះការរៀបចំ ផ្សព្វផ្សាយព្រះរាជ ពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបរមរតនកោដ្ឋ បានយ៉ាងល្អប្រសើរនោះ។
នៅក្នុងលិខិតផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្តេចចៅហ្វាវាំង មានប្រសាសន៍ថា ខ្ញុំមានកិត្តិយស សូមជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីមេត្តាជ្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហទ័យប្រោសព្រះរាជទាន សេចកក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហ ការីទាំងអស់ ដែលបានចូលរួម និងបានរៀបចំ ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ ជាតិ និងឯកជន បានល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះ ករុណាព្រះបរមនរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១០-១១ និងទី១២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។
សម្តេចចៅហ្វាវាំងមានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រទានពរបវរមហាប្រសើរ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ ជ័យ ភូមិពល

ឆមាសទី១ឆ្នាំ២០១៤គ្រោះថ្នាក់ចរាចរមានការកើនឡើងខ្ពស់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—មន្រ្ដីជាន់ខ្ពស់ នៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន លើកឡើងថា ជនរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរយៈពេល៦ខែ ដើម ឆ្នាំ២០១៤ នេះគឺមានប្រមាណជាង១ ០០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ គឺមានការកើន​ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។
ក្នុងសិក្ខាសាលាស្ដីពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការ បើកបរក្រោមឥទ្ធិពល នៃគ្រឿង​ស្រវឹង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ នៅក្រសួងការពារជាតិ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខា​ធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៣ ពោលគឺកើន​ឡើងប្រមាណ​ជាង១០០នាក់ ដោយតួលេខនេះគឺគិតតែក្នុងរបាយ ការណ៍របស់ក្រសួងមហាផ្ទៃមួយប៉ុណ្ណោះ មិនទាន់រាប់​បញ្ចូលទិន្នន័យរបស់ក្រ សួងសុខាភិបាលបន្ថែមនោះទេ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលយើងមើលឃើញ ចំពោះរាល់គ្រោះថ្នាក់ចរាចរភាគច្រើន ដែលបានធ្វើការត្រួតពិនិត្យឡើងវិញ នោះគឺទាក់ទងនឹងបញ្ហាល្បឿន បន្ទាប់មកគឺបញ្ហាគ្រឿងស្រវឹង ហើយបញ្ហា សំខាន់មួយទៀត ដែលបណ្ដាលឲ្យមានការគ្រោះថ្នាក់​ចរាចរ​នោះ​គឺការមិន គោរពសិទ្ធិអាទិភាព និងការមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមលើកឡើងថា តាមប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចររបស់គណៈ កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺអ្នកដែលស្លាប់ភាគច្រើនជាកម្មករ និងកសិករ ដែលបានប្រើប្រាស់ទោចក្រយានយន្ដ និងយាន​យន្ដសម្រាប់ដឹក មនុស្សច្រើនធ្វើដំណើរនៅតាមដងផ្លូវ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងគេគឺ​មន្រ្ដីរាជការ ដែលមានប្រមាណជាង១០ភាគរយ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរ ហើយភាគច្រើន​គឺបណ្ដាល​មកពីការបើកបរហួសល្បឿនកំណត់ និងការសេពគ្រឿងស្រវឹង។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អ្នកស្លាប់ប្រមាណ ៧០ភាគរយ ភាគច្រើនគឺជាយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ ដែលតាមការត្រួតពិនិត្យ និងវាយតម្លៃលើជនរងគ្រោះទាំងអស់ភាគច្រើនអ្នក ដែលស្លាប់ទាំងនោះ​គឺបណ្ដាលមកពីការមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តមអគ្គលេខាធិការក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រើ​ប្រាស់​ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងមានការយោគយល់​អធ្យាស្រ័យ​គ្នាទៅវិញទៅមក ហើយនៅពេលបើកបរសូមកុំសេពគ្រឿងស្រវឹង និងត្រូវពាក់មួកសុវត្ថិភាពឲ្យ បាន​គ្រប់ៗគ្នា។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានកត់សម្គាល់ ថា ការផ្សព្វផ្សាយនេះគឺជា​ផ្នែកមួយ​យ៉ាងសំខាន់ នៃការបន្ដអនុវត្ដន៍នូវគម្រោង សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរ​ក្នុងគោលដៅលើកកម្ពស់ ការយល់ដឹងរបស់សាធារណៈជនទូទៅ មន្រ្ដីរាជការក៏ដូចជានាយទាហាន ពល ទាហានក្នុងកងយោធពលខេមរភូមិន្ទ ពិសេសការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ បញ្ហាប្រឈម និងកត្តាហានិភ័យនានា នៃការបើកបរយានយន្ដគ្រប់ ប្រភេទ ដោយមិនគោរពច្បាប់ចរាចរណ៍ ការមិនពាក់​មួកសុវត្ថិភាព និងការបើក បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញឲ្យដឹងថា ក្នុង​ឆ្នាំ២០១៣ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរសរុប ១ ៩៥០នាក់ ហើយនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៤នេះ មានអ្នកស្លាប់ ប្រមាណជាង១ ១១៧នាក់ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់នៃការស្លាប់ក្នុងឆ្នាំ កន្លងទៅគឺមានការកើនឡើងខ្ពស់៕
ដោយ អ៊ុន រិទ្ធី

ប្រជាពលរដ្ឋជាង១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នំាៗនិងថវិកា ជាង១០០លានដុល្លារត្រូវខាតបង់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០០៣ ស្តីពីការហាម ជក់បារី នៅកន្លែងធ្វើការ និង នៅទីសាធារណៈ ដល់មន្រ្ដីរាជការប្រមាណជាង២០០នាក់នៅសាលារាជធានីភ្នំពេញកាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាជាង១០ ០០០ នាក់បានស្លាប់ ក្នុង១ឆ្នាំៗដោយការជក់បារី ហើយថវិកា ជាង១០០លានដុល្លារត្រូវបានដុតបង្ហុយជាមួយ ផ្សែងបារី មិនតែប៉ុណ្ណោះការ ចំណាយលើការ ព្យាបាល ជំងឺបណ្តាលមកពីការជក់បារីមាន ទំហំធំជាងថវិកាទិញបារីទៅទៀត។
សារាចរនេះសំដៅការពារមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ជាពិសេសយុវ ជនឲ្យរួចចាក់ផុត ពីការ បំផ្លាញសុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និងឈានទៅលុបបំ បាត់ទាំងស្រុងរាល់ទម្រង់ នៃការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ការសេព និងការ បង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការសាលារៀន និងនៅតាមទីសាធារណៈជា ដើម។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលបានសម្រេចចូលជារដ្ឋភាគី អនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង ដើម្បីឲ្យមានការធានាការ ការពារ សិទ្ធិរស់រានមានជីវិត ជាពិសេសសិទ្ធិសុខភាព សិទ្ធិទទួលបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព ដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឯក ឧត្តមបន្ដថា ពិធីផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ គឺសំដៅ ផ្សព្វផ្សាយ ដល់មន្រ្ដីរាជ ការនិងជូនដល់ប្រជាពលរដ្ឋទូទៅ និងអ្នកផ្តល់សេវាទាំងឡាយ រួមទាំង ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគ្រោះ ថ្នាក់សុខភាព ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយ ការពារសុខុ មាលភាពប្រជាពលរដ្ឋយើង។
ឯកឧត្តមបានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានខិតខំលើកកម្ពស់សុខភាពជូន ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹងសេវាសុខភាពឲ្យមានគុណភាព ការផ្គត់ផ្គង់ទឹកស្អាត ការ កែលម្អអនាម័យបរិស្ថាន ការលើក​កម្ពស់​សុវត្ថិភាពចំណីអាហារ ការលើកកម្ពស់ការដឹក ជញ្ជូនក្នុងរាជធានីភ្នំពេញឲ្យមាននិរន្តរភាពបររិស្ថាន ការទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារជាដើម។ អង្គការសុខភាពពិភពលោក បានចាត់ទុក សាលារាជធានីភ្នំពេញជាប្រតិបត្តិករឆ្នើម និងបានសម្រេចផ្តល់​ពាន​រង្វាន់ទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៣ ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ថ្នាំជក់ពិតជាបានសម្លាប់អ្នកប្រើ ប្រាស់៦លាននាក់ស្លាប់ ដោយ​២០ភាគរយនៃជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និង ៧០ភាគរយនៃជំងឺមហារីកបណ្តាល​មកពីការ​ប្រើប្រាស់ថ្នាំជក់នេះ។ មិនត្រឹមតែអ្នកជក់បារី ប៉ុណ្ណោះទេដែលស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ ប៉ុន្តែអ្នក​ដែល​ស្រូបផ្សែងបារីពីគេ ក៏បាន ស្លាប់ដោយសារតែស្រូបផ្សែងបារីពីគេដែរ។ ជាមួយនឹងមូលហេតុនេះ ខ្ញុំសូមចូលរួមអបអរ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវសារាចរណែនាំ​ស្តីពីការហាម​ជក់ បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។ យើងទាំងអស់ដឹងហើយថា ការដាក់ចេញ នូវសារាចរ​ណែ​នាំស្តីពីការហាមជក់បារីនេះ មិនត្រឹមតែជួយការពារសុខភាពអ្នកជក់បារី នេះទេ ប៉ុន្តែថែមទាំងជួយ​ការពារអ្នកជក់បារីឲ្យបញ្ឈប់ការជក់បារីបាន។ ចំពោះអង្គការសុខ ភាពពិភពលោក ការហាមជក់បារីនៅ​កន្លែងធ្វើការ កន្លែងសាធារណៈ ជាមធ្យោបាយមួយ ក្នុងមធ្យោបាយដែលមានប្រសិទ្ធភាព​ដទៃទៀតក្នុង​ការកាត់បន្ថយថ្នាំជក់នោះ៕
ដោយ សួស សំរិត

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលខេត្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅស្នងការ ដ្ឋាននគរបាលខេត្ត ព្រះវិហារបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូន មន្ត្រី​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយក ដ្ឋានបុគ្គលិក និងឯកឧត្តម គោ ស៊ុំប៉ុនសឿត អភិបាលរង ខេត្តព្រះវិហារ ព្រមទាំង មន្ត្រីនគរបាលខេត្តចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន បានកោតសរសើរ និងផ្តាំផ្ញើដល់មន្ត្រីនគរ​បាលដែល​ទើបទទួល​មុខតំណែងថ្មី ត្រូវបន្តសហការគ្នាអនុវត្តន៍រាល់ ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមក៏ បានលើកឡើងផងដែរ អំពីសភាពការណ៍ចលាចលនៅរាជធានីភ្នំពេញកន្លងមក ក៏ប៉ុន្តែ​ក្រោមកិច្ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការអត់ធ្មត់ រហូតសភាពការណ៍មាន​ភាពស្ងប់ស្ងាត់ ក្រោយពីជួបចរចារវាងគណបក្សទាំងពីរ រួចមកធ្វើឲ្យជម្លោះនយោបាយត្រូវបានបញ្ចប់ ដោយបានធ្វើឲ្យមតិជាតិ និងអន្តរ ជាតិអបអរសាទយ៉ាងក្រៃលែង។
លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានប្រកាសលេខ២៦៣២ប្រ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ របស់ឯក ឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ដែលប្រការ ទី១ត្រូវផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ ឌិន ស៊ីដារ៉េត ពីនាយការិយាល័យគណ នេយ្យទៅ​ជាស្នងការរងអត្តសញ្ញាណកម្ម លោកស្រីវរសេនីយ៍ឯក នៃ សំណាង ត្រូវផ្ទេរភារកិច្ចពីស្នងការរង និងជា​ប្រធានការិយាល័យកណ្តាលនគរបាលស្ថិតិ និងអគ្គីភ័យ ទៅជាស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ទោ នួន សុវិរិទ្ធិ ពីអនុប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌទៅ​ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលសន្តិសុខ លោកវរសេនីយត្រី អ៊ុយ ស៊ីថន ពីនាយរង​ការិយាល័យទៅជានាយការិយាល័យ ផែនការគណនេយ្យ លោកអនុសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា ពីនាយរង​ការិយា ល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទៅជានាយការិយាល័យភស្តុភា និងត្រូវបានដំឡើងឋានន្តរ សក្តិថ្នាក់វរសេនីយ៍ត្រីជូនលោក ស៊ី សុគន្ធរដ្ឋា ផងដែរ ។
ឯកឧត្តម គោ ស៊ុំប៉ុនសឿត បានផ្តាំផ្ញើទៅដល់អស់លោកមន្រ្តីនគរបាល ដែលទើបនឹងទទួល​បានភារកិច្ច​ថ្មីត្រូវខិតខំចូលរួមអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមានប្រសាសន៍ថា ក្រៅពីការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ នគរបាលគ្រប់រូបត្រូវមានកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត កុំឲ្យជនឆ្លៀតឱកាស​និយម ធ្វើការផ្តួលរំលំរាជដ្ឋាភិបាល ហើយត្រូវធ្វើយ៉ាង ណាក្តាប់ឲ្យបានភូមិសាស្ត្រ និងមុខសញ្ញាជន​ទាំងនោះឲ្យមានប្រសិទ្ធភាព៕
ដោយ ទិត ស៊្រ

ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មណ្ឌលខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៤

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—
បេក្ខជន​ បេក្ខនារី ​ចំនួន៣២៣នាក់​ មកពីខេត្ត​ ចំនួន ៥រួម​មាន​ខេត្តព្រះសី ​ហនុ​ កំពង់ស្ពឺ ​កោះកុង​ កំពត​ និងខេត្តកែប​ បាន​ចូល​រួម​ប្រឡង​ក្របខណ្ឌ​មន្រ្តី ​រាជការ​ ស៊ីវិល​ ក្រសួង​មហាផ្ទៃ​ប្រចាំ​ឆ្នាំ២០១៤​ នៅ​មណ្ឌល​​អនុវិទ្យាល័យ ​សម្តេចឪ ​ស្ថិត​ក្នុង​សង្កាត់​លេខ៣ក្រុង​ ខេត្ត​ព្រះ​សីហនុ ​ កាល​ពីព្រឹក​ថ្ងៃទី២៧ ​ខែកក្កដា ​ឆ្នាំ២០១៤ ​កន្លងទៅនេះ។​
ឯកឧត្តម ឌុច សុន អគ្គនាយកមូលដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាន ប្រសាសន៍​ក្នុងពេល​ត្រួតពិនិត្​យតាមដាន​សកម្មភាព​ប្រឡងថា ក្រសួងមហា ផ្ទៃត្រូវការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារីចូល​បម្រើការងារ​ជាមន្រ្តីរាជការ​ស៊ីវិលក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៤ សរុបចំនួន៣២៣នាក់ ក្នុងនោះ​មន្រ្តីក្របខ័ណ្ឌរដ្ឋបាល​ជាន់ខ្ពស់​ចំនួន​១២០នាក់ មន្រ្តីក្របខ័ណ្ឌក្រមការចំនួន ១១៣នាក់ ក្របខ័ណ្ឌ​លេខាធិការរដ្ឋបាល និង​ក្របខ័ណ្ឌអនុរក្យពន្ធនាគារ ចំនួន៩០នាក់ ដែលវិញ្ញាសាប្រឡងមានដូចជា មុខវិជ្ជាឯកទេស មុខវិជ្ជាភាសា អង់គ្លេស មុខវិជ្ជាចំណេះដឹងទូទៅ គណិតវិទ្យា និងមុខវិជ្ជាតែង​សេចក្តី​ជាដើម ។
លោក ឌុច សុន បានឲ្យដឹងបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិ បាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជ ការស៊ីវិលថ្មី ដើម្បីបំពេញបន្ថែមជំនួសមន្រ្តីចាស់ៗ​ដែលបាន​ចូល​និវត្តន៍​ជា រៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលក្រសួង​មហាផ្ទៃ ប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ សម្រាប់បេក្ខជន បេក្ខនារីទាំងអស់ ដែលបាន ចូលរួម ប្រឡងប្រកបដោយភាព រលូន៕
ដោយ ងូ សុមុនី