AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
យោងលិខិតមួយច្បាប់ដែលចុះកាលបរិច្ឆេទថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ របស់សម្តេចចៅហ្វាវាំង វវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរដល់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះការរៀបចំ ផ្សព្វផ្សាយព្រះរាជ ពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបរមរតនកោដ្ឋ បានយ៉ាងល្អប្រសើរនោះ។
នៅក្នុងលិខិតផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្តេចចៅហ្វាវាំង មានប្រសាសន៍ថា ខ្ញុំមានកិត្តិយស សូមជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីមេត្តាជ្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហទ័យប្រោសព្រះរាជទាន សេចកក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហ ការីទាំងអស់ ដែលបានចូលរួម និងបានរៀបចំ ផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុ ជាតិ និងឯកជន បានល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះ ករុណាព្រះបរមនរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១០-១១ និងទី១២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។
សម្តេចចៅហ្វាវាំងមានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រទានពរបវរមហាប្រសើរ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ ជ័យ ភូមិពល