AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការផ្ដល់សុពលភាពសភាដល់ឯកឧត្ដម សម រង្ស៊ី ជាដំណើការល្អហើយ ដែលប្រជាជននៅទូទាំងប្រទេសអាចយល់បានអំពីការសម្របសម្រួលមួយ បើទោះជាមិន មានវត្តមានសព្វគ្រប់ទាំងអស់ ប៉ុន្តែឯកឧត្ដម សម រង្ស៊ី គឺជាប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអញ្ជើញមក ដើម្បីទទួលយកនូវសុពលភាព ដូច្នេះយើងអាចនិយាយបានថាជា បរិយាកាសមួយល្អ។
ឯកឧត្ដម សម រង្ស៊ី ត្រូវបានសម័យប្រជុំសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប្រកាសសុពលភាពជាសមាជិករដ្ឋសភានីតិកាលទី៥ មណ្ឌលខេត្តកំពង់ ចាម ដែលសម័យប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមរបស់សមាជិក សមាជិកាសភាមកពីគណបក្សប្រជា ជនកម្ពុជាចំនួន៦៤រូប។
សម្ដេចតេជោបានថ្លែងមកកាន់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំសភាថា ខ្ញុំក៏ បានឆ្លៀតបន្តិចជជែកជាមួយឯកឧត្ដម សម រង្ស៊ី ទៅលើបញ្ហាការជ្រើសរើសទុកជាមុននូវ បេក្ខភាពម្នាក់ នៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរ ត្រូវមានការស្រុះស្រួល ប៉ុន្តែគោរពសិទ្ធិទៅដល់សាម៉ីខ្លួន យើងគិតថាមិនទាន់ជាឱកាសសម ស្របប្រហែលជាត្រូវរង់ចាំប៉ុន្មានម៉ោងទៀតនូវពេលវេលា ដែលសាម៉ីខ្លួនឆ្លើយតបជាផ្លូវការ មកចំពោះខ្ញុំ។
ឯចំពោះសមាសភាពដែលជ្រើសរើសដោយគណបក្សប្រជាជនក៏សុំរក្សាសិទ្ធិ ដែរ ព្រោះថា បញ្ហាបោះឆ្នោតជ្រើសរើសត្រូវធ្វើនៅក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រូវធ្វើ នៅក្រោយវិសោធនកម្មច្បាប់បោះឆ្នោត ដូច្នេះនៅសល់ពេលវេលាដែលខ្ញុំមិនអាចបញ្ជាក់ជូន បាន ។
ឯកឧត្ដម សមរង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា វិបត្តិនយោបាយនៅកម្ពុជាគឺត្រូវ បានបញ្ចប់ហើយជាគោលការណ៍ និងស្មារតី នៅសេសសល់តែនីតិវិធី បែបបទខ្លះ ដែលនឹង ត្រូវធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមហើយជឿជាក់ថា នេះជាដំណាក់កាលថ្មីមួយ ដើម្បីពង្រឹងឯកភាពជាតិខ្មែរទាំងអស់រួបរួមគ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារផលប្រ យោជន៍ជាតិយើង ជាពិសេសការពារផលប្រយោជន៍ លើកតម្កើងជីវភាពរស់នៅរបស់ប្រជា រាស្ត្រ។
ជាមួយសំណួរដែលថា តើគណបក្សសង្គ្រោះជាតិចូលស្បថសច្ចាប្រណិធានថ្ងៃណា នោះ ឯកឧត្ដម សម រង្ស៊ី ថ្លែងថា នៅមាននីតិវិធីបែបបទបន្តិចបន្តួចដែលត្រូវបំពេញ ដូចជា នីតិវិធីប្រកាសបេក្ខជនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបេក្ខជនទី៩ ដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នា ហើយនិងមានការបញ្ជាក់ក្នុង ថ្ងៃនេះឬក្នុងពេលឆាប់ខាងមុខនេះ ដើម្បីបង្ហាញថាវិបត្តិនយោបាយបានបញ្ចប់ហើយនោះ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ក្នុងសម័យប្រជុំសភាវិសាមញ្ញថា យោងតាមមាត្រា៨២ថ្មី វាក្យខណ្ឌចុងក្រោយនៃរដ្ឋធម្មនុញ្ញ និងប្រការ២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលចែងថា តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។
សូមឯកឧត្ដមអគ្គលេខាធិការនៃរដ្ឋសភាទាក់ទងជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំពិធីសច្ចាប្រណិធានជូន ឯកឧត្ដម សម រង្ស៊ី តំណាងរាស្ត្រថ្មីមុននឹងចូលទៅកាន់តំណែងនោះ៕
ដោយ ជឹម ណារី