AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតជូន ចំពោះឯកឧត្តម ចុកុវី វីដុដុ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋ ឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៤ ថា សម្តេចតេជោនាយករដ្ឋមានប្រសាសន៍ថា តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយសសូមសម្តែងនូវការអបអរ សាទរយ៉ាងកក់ក្ដៅ និងដោយស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដោយមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ី ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត ក្នុងបណ្ដាឆ្នាំខាងមុខសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាសម្រាប់ផលប្រយោជន៍រួម នៃគ្រួសារអាស៊ានទាំងមូលផង ដែរ។
សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ និងសូមទទួលនូវសព្វសាធុការពរ ប្រកបដោយសុខភាពល្អ និងជោគជ័យធំធេងក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្តម និងសូមវិបុលភាពកើតមានបន្តទៀត សម្រាប់ប្រជាជនឥណ្ឌូណេស៊ី៕
ដោយ ជ័យ ភូមិពល