Wednesday, July 30, 2014

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូចដែលចេញវិញ្ញាសាក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​ធ្វើការ​អំពាវ​នាវ​ដល់​សា​ធារ​ណ​ជន ​មាតាបិតា​ ឬអ្នក​អា​ណា​ព្យា​បាល​ និង​សិស្សា​នុសិស្ស​ទាំង​អស់​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជនខិល​ខូច​មួយ​ចំនួន​ ដែល​បាន​ធ្វើវិញ្ញា​សាក្លែង​ក្លាយ​គ្រប់​មុខ​វិជ្ជា​ សម្រាប់​ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជានាដើមខែសីហាខាមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា បច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន​បានធ្វើវិញ្ញាសាគ្រប់មុខវិជ្ជា​សម្រាប់ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ដោយភូតកុហកថា ជាវិញ្ញាសាបែកធ្លាយមុនពេលប្រឡង ក្នុងគោលបំណង​លក់ឬ​ចែកចាយ ដើម្បីរកប្រាក់ចំណេញ។ ការប្រព្រឹត្តអំពើទាំងនេះមានលក្ខណៈផ្ទុយនឹងច្បាប់ជាធរមាន ដូចនេះ​ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការថ្កោលទោសចំពោះជនដែលបាន​ប្រព្រឹត្តអំពើ​ល្មើស​បែបនេះ។
ទន្ទឹមនឹងនេះ ក្រសួងសង្កេតឃើញថា មានការបើកបង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយប្រើទម្រង់វិញ្ញាសា ដែលមានលក្ខណៈប្រហាក់ប្រហែល ឬដូច គ្នាទៅនឹងវិញ្ញាសា ដែលធ្លាប់បាន​ចេញក្នុង​ពេលប្រឡងកន្លងមក ដែលទង្វើនេះបង្កឲ្យមានការភាន់ច្រឡំពីគ្រប់មជ្ឈដ្ឋាន និងសាធារណ​ជនថា មានការបែកធ្លាយវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សាធារណជន មាតាបិតា ឬអាណា ព្យាបាល និង​សិស្សានុសិស្សទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំឲ្យមានការភាន់ច្រឡំ ឬចាញ់បោក ការផ្សព្វផ្សាយ​របស់​ជនឆ្លៀតឱកាស ដើម្បីកេងរកផលចំណេញក្នុងសម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះ​ឲ្យសោះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៤ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៩៣ ៤៥៦ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​១៥៤មណ្ឌល ចែកចេញជា៣ ៧៧៩បន្ទប់នៅទូទាំងប្រ ទេសកម្ពុជា។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ ដោយនៅឆ្នាំមុនក្រសួង អប់រំ យុវជន និងកីឡា បាន​រៀបចំ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ កន្លះគឺនៅថ្ងៃទី៥ ទី៦ ទី៧ ខែសីហា ឆ្នាំ២០១៣ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១០៧ ៨៣៥ នាក់ និងមានមណ្ឌលប្រឡង​ចំនួន​២៣៤មណ្ឌល ចែកចេញជា៣ ៤៩០បន្ទប់។ សម្រាប់ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកាត់​បន្ថយការប្រឡងមករយៈពេលពីរថ្ងៃ វិញ ដោយសារតែក្រសួងបានកាត់បន្ថយវិញ្ញាសា​ប្រឡងពី១០មុខវិជ្ជា​មកត្រឹម៧មុខវិជ្ជាវិញ៕
ដោយ ជឹម ណារី