AKP ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុងសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយ លទ្ធផល ការងារគម្រោង ស្តារឡើងវិញនូវហេដ្ឋារចនាសម័្ពន្ធ ដែលខូចខាត ដោយព្យុះ កេតសាណា នៅសណ្ឋាគារ សុខាអង្គរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៤ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់រវាងជនបទ និងទីប្រជុំជន គឺសំដៅ ធ្វើយ៉ាងណាឲ្យជនបទទទួលបានផលចំណេញពីសក្តានុពលសេដ្ឋកិច្ច សង្គមពេញបរិបូណ៌។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការចុះត្រួតពិនិត្យជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក ក្រុមទីប្រឹក្សា អាជ្ញាធរមូលដ្ឋានទៅលើសមិទ្ធ ផលគម្រោង នៃបណ្តាខេត្តទាំង៧បានធ្វើ ឲ្យប្រជាពលរដ្ឋ មានការអបអរសាទរ និងពេញចិត្តចំពោះគុណភាពសំណង់ ដែលសាងសង់ឡើងតាមបទដ្ឋានបច្ចេក ទេសត្រឹមត្រូវ ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីទីក្រុងទៅទីជនបទ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបង្កើននូវមុខរបរថ្មី សំខាន់គឺស្ត្រីមេផ្ទះ និងការធ្វើចំណាក ស្រុក។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទកំពុងដើរ តួនាទីនៅក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងសកម្ម ភាពអភិវឌ្ឍជាតិ និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៣របស់ រាជរដ្ឋា ភិបាល កម្ពុជា។
ឯកឧត្តម ជា សុផារ៉ា ក៏បានគូសបញ្ជាក់ថា ផ្លូវលំជនបទ ផ្លូវក្រួសក្រហមមួយ ចំនួនត្រូវបានប្រែក្លាយ ទៅជាផ្លូវចាក់ក្រាលកៅស៊ូ និងបេតុង ដើម្បីកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ទាំងអនាម័យសុខ ភាព និងចំណេញការចំណាយថវិកាព្យាបាលជំងឺ និងកាត់បន្ថយពេលវេលាធ្វើ ដំណើរ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនទៅកាន់ទី ផ្សារ និងកាត់បន្ថយអត្រាបោះ បង់ចោលការសិក្សារបស់សិស្ស ចូលរួមលើក ស្ទួយវិស័យទេសចរណ៍ និងមានទឹកស្អាតប្រើប្រាស់ ធ្វើឲ្យសុខភាពរឹងមាំទៀត ផង។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា សមិទ្ធផល ដែលលេចចេញជារូបរាង ទាំងនេះ ជាចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋនៅទី ជនបទនូវឱកាសស្មើៗគ្នា។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកបទពិសោធន៍ អនុសាសន៍ល្អៗ ដែលកើតឡើង ពីអង្គសិក្ខាសាលានេះទៅអនុវត្តន៍ ហើយក្រសួងក៏មានសង្ឃឹមថានឹងទទួលបាន នូវហិរញ្ញប្បទាន ពីដៃគូ អភិវឌ្ឍន៍ ដើម្បីអនុវត្តន៍គម្រោងថ្មីៗនៅពេលអនាគតបន្តទៀត។
ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិ បាលកម្ពុជានៅក្នុងខេត្តគោលដៅចំនួន០៧គឺខេត្តកំពង់ធំ សៀមរាប បន្ទាយ មានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់រយៈពេល៤ឆ្នាំចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីស្តារឡើង វិញនូវហេដ្ឋារចនា សម្ព័ន្ធខូចខាត ដោយព្យុះ កេតសាណា ដែលកើតឡើងឆ្នាំ២០០៩ លទ្ធផលសម្រេចបានជូនប្រជាពលរដ្ឋនៅ តាមជនបទរួម មានផ្លូវប្រវែង ៦១៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូប្រភេទ SBST ប្រវែង២៩២,១៧ គីឡូ ម៉ែត្រ ផ្លូវបេតុងប្រវែង៣.១០០ គីឡូម៉ែត្រ និងសំណង់សិល្បការ មានស្ពាន លូប្រអប់ លូមូល ព្រមទាំងបាន ផ្តល់អណ្តូងទឹកស្អាត១.៣២៩ អណ្តូង និងបង្គន់អនាម័យចំនួន១៨.៤៦៥បង្គន់ ។
ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា មានទឹកប្រាក់សរុបប្រមាណ៤០លានដុល្លារ ក្នុងនោះ ២០លានដុល្លារជាឥណ- ទានសម្បទាន និង២០លានដុល្លារទៀតជាហិរញ្ញប្បទានឥតសំណង៕
ដោយ ជ័យ ភូមិពល