AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កម្មវិធីស្តាប់ចម្រៀងខ្ញុំ «Hear My Song» រៀបចំឡើងដោយក្រុមហ៊ុន សប្បាយ ដែលជាកម្មវិធីស្វែងរកយុវវ័យ ដែលមានទេពកោសល្យក្នុងការតែង និពន្ធបទភ្លេង និងចម្រៀងថ្មីៗដោយខ្លួនឯងបានបញ្ចប់ក្រោយពីដំណើរការអស់ រយៈពេល៥ខែកន្លងមកនិងរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីជាប់ចំណាត់ថ្នាក់ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតី ភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ជី សិលា ប្រធានក្រុមហ៊ុនសប្បាយបានឲ្យដឹងថា កម្មវិធីស្តាប់ ចម្រៀងខ្ញុំ មានបេក្ខជន បេក្ខនារី ដាក់ពាក្យសុំចូលប្រកួតប្រជែងចំនួន៥០រូប ហើយរហូតដល់វគ្គចុងក្រោយនេះ ជម្រុះសល់តែ១០រូបប៉ុណ្ណោះ ដើម្បីប្រកួតបន្ត ជ្រើសរើសយកលេខ១ដល់លេខ៣ ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំ ណងជ្រើសរើសយុវវ័យមានទេពកោសល្យ ក្នុងការតាក់តែងនិពន្ធបទភ្លេង និង ចម្រៀងថ្មី ដោយមិនយកតាមលំនាំបទចាស់ ក៏ដូចជាការលើកទឹកចិត្តចំពោះ អ្នកនិពន្ធវ័យក្មេងជាយុវជនខ្មែរ ចេះនិពន្ធបទភ្លេង និងចម្រៀងដោយខ្លួនឯងឲ្យ បានកាន់តែច្រើន ដើម្បីកាត់បន្ថយការចម្លងបទភ្លេងពីបរទេស និងលើកកម្ពស់ វិស័យសិល្បៈ និងវប្បធម៌ខ្មែរឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការរៀបចំកម្មវិធីនេះ ឡើង ដើម្បីផ្តល់ឱកាសដល់យុវជនខ្មែរ ដែលមានទេពកោសល្យបញ្ចេញស្នាដៃ ក្នុងការតាក់តែងនិពន្ធបទភ្លេង និងចម្រៀងដោយខ្លួនឯង មិនចម្លងស្នាដៃរបស់ គេ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា កន្លងមកក្រសួងព័ត៌មានបានរៀបចំមហោ ស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិពីរលើករួចមកហើយ ប៉ុន្តែការតែងនិពន្ធបទ ភ្លេង និងចម្រៀងនោះគឺពួកគាត់នៅតែចេញមិនផុតពីលំនាំរបស់ម្ចាស់សំឡេង មាស លោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ អ្នកស្រី រស់ សេរីសុទ្ធា និងបណ្តា អ្នកនិពន្ធជើងចាស់ជាច្រើនទៀត ក្នុងសម័យទសវត្សរ៍ទី៦០ ដែលជាបទចម្រៀង មួយសម្រាប់តែវ័យចំណាស់ ខុសពីការរៀបចំរបស់កម្មវិធីស្តាប់ចម្រៀងខ្ញុំ ដែល ការនិពន្ធបទភ្លេង និងចម្រៀងសម្រាប់យុវវ័យ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិនឹងធ្វើការពិនិត្យ និងជ្រើសរើសបេក្ខជន បេក្ខ នារីជាប់ចំណាត់ថ្នាក់ និងបេក្ខជន បេក្ខនារីណា ដែលមានស្នាដៃល្អយកមកថត ជាចម្រៀងចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ឬក៏មានក្រុមហ៊ុនថតចម្រៀង ណាចង់ទិញស្នាដៃបទចម្រៀងទាំងនោះយកទៅថតក្នុងផលិតកម្មរបស់ខ្លួន ក៏ បាន ដើម្បីឆ្លើយតបទៅនឹងទីផ្សារចម្រៀងដែលកំពុងរីកចម្រើន។
បេក្ខជន បេក្ខនារីទាំង១០រូប ដែលបានជ្រើសរើសមកប្រកួតប្រជែងនៅវគ្គ ចុងក្រោយនេះត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួន តាមរយៈការច្រៀងផ្ទាល់នៅលើ ឆាក ហើយផ្តល់ពិន្ទុតាមរយៈការបោះឆ្នោតមាន៣លក្ខខណ្ឌ គឺទី១ការបោះ ឆ្នោតពីមហាជន៤០% ទី២តាមរយៈការផ្តល់ពិន្ទុពីគណៈកម្មការចំនួន៤រូប ៣០% និងទី៣ ការផ្តល់ពិន្ទុរវាងបេក្ខជន បេក្ខនារីទាំង១០រូបទៅវិញទៅមក៣០%៕
ដោយ ហ៊ុន យុទ្ធគុណ